គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

បណ្តាំរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាងចំពោះនិស្សិតកម្ពុជា : ប្រែក្លាយវិស័យកសិកម្មទៅជាគ្រឿងចក្រសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃអនាគត

កាលបរិច្ឆេទ: ០៩ កុម្ភៈ ២០២៦ / កសិកម្ម / Author : ATH Sokren

នៅចំពោះមុខនិស្សិតប្រមាណ៦០០នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមកជួបជុំគ្នាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានផ្តល់មេរៀនជាក់ស្តែងស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសកម្ពុជា និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាសហគ្រិន។ ត្រូវបានអញ្ជើញក្នុងនាមជាវាគ្មិនក្នុងសន្និសីទស្តីពី «ឱកាសនៃការច្នៃប្រឌិតម្ហូបអាហារ» នៅក្បែរឯកឧត្តមធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តមស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាបិកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល បានអំពាវនាវដល់យុវជនជំនាន់ក្រោយឱ្យចាត់ទុកវិស័យកសិកម្ម និងកសិ-ចំណីអាហារជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់អនាគតប្រទេសជាតិ។

ក្រឡេកមើលទៅក្រោយពីដំណាក់កាលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ចាប់ពីសម័យកម្ពុជាទទួលបានឯករាជ្យរហូតដល់សម័យសង្រ្គាមស៊ីវិល ចាប់ពី«សេដ្ឋកិច្ចកម្ពុជាពឹងដង្ហើមពីខាងក្រៅ»នៅសម័យដែលប្រទេសជាតិត្រូវទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​រហូតដល់សម័យអ៊ុនតាក់ លោកឧកញ៉ាឱសថបណ្ឌិតបានបង្ហាញថា ក្នុងរយៈពេលដ៏យូរ តើព្រះរាជាណាចក្រមួយនេះខ្វះទីផ្សារ ខ្វះផលិតផល និងខ្វះឧស្សាហកម្មកែច្នៃដល់កម្រិតណា។ លោក​បាន​សង្កត់ធ្ងន់​ថា ចាប់ពី​ទសវត្សរ៍​ឆ្នាំ២០០០ មក សេដ្ឋកិច្ចជាតិ​បាន​អភិវឌ្ឍ​ជាចម្បង​តាមរយៈ​ពាណិជ្ជកម្ម និងវិស័យវាយនភណ្ឌ ដែល​ធ្វើ​ឱ្យ ​«មូលដ្ឋាន​គ្រឹះ» របស់​ប្រទេស ​គឺវិស័យ​កសិកម្ម​ត្រូវ​បាន​ទុកចោល។

នៅខណៈពេលនោះហើយដែលសហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងវិស័យឱសថសាស្រ្ត និងក្រុមហ៊ុនខនហ្វីរេលក្នុងវិស័យកសិ-ចំណីអាហារ ប្រញាប់ប្រញាល់ចូលមកអភិវឌ្ឍក្នុងស្រុក ដោយផ្តោតទៅលើការកែច្នៃផលិតផលក្នុងស្រុកប្រកបដោយគុណភាពខ្ពស់ ទាក់ទិននឹងវិស័យកសិ-ចំណីអាហារ។ ខណៈពេលដែលសហគ្រាសផលិតឱសថប៉េប៉េអឹមបច្ចុប្បន្នស្ថិតក្នុងលេខរៀងទី១១ក្នុងចំណោមសហគ្រាសផលិតឱសថចំនួន៦០០នៅទ្វីបអាហ្វ្រិកនិយាយភាសាបារាំង ផលិតផលរបស់សហគ្រាសដែលត្រូវបានរចនាឡើងជាមួយនឹងធនធានមនុស្សក្នុងស្រុក ឥឡូវនេះនាំចេញទៅកាន់ប្រទេសប្រហែល៣០ប្រទេសហើយ។ ចំណែកឯ​ក្រុមហ៊ុនខនហ្វីរេលវិញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី២៥ឆ្នាំមុន បាន​ទទួល​ពានរង្វាន់​ចំនួន​ប្រាំបី​រួចមក​ហើយ ក្នុងនោះមាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ប្រាំ សម្រាប់​ផលិតផលប្រពៃណី​ដូនតា​ដូចជា​ប្រហុក ឬ​ស្ករត្នោត។

«ប្រសិនបើផ្លូវវែងពេក ក្មួយៗត្រូវចេះកាត់វាទៅជាកង់តូចៗដើម្បីទៅដល់ទីនោះ» នេះជាប្រសាសន៍របស់លោកទៅកាន់សិស្សានុសិស្ស ដោយសង្កត់ធ្ងន់លើការតាំងចិត្ត ចក្ខុវិស័យច្បាស់លាស់ និងភាពស្មោះត្រង់ចំពោះអ្វីដែលជាការពិតជាក់ស្តែងរបស់កម្ពុជាជាជាងទ្រឹស្តីនាំចូល។ សម្រាប់លោកឧកញ៉ាឱសថបណ្ឌិត វិបត្តិព្រំដែនជាមួយប្រទេសថៃគឺជាការដាស់តឿនមួយដែលបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល និងក៏ជាអត្ថិភាពនៃឱកាសល្អផងដែរ ប្រសិនបើ «ខ្មែរគាំទ្រខ្មែរ» និងមានការផលិតក្នុងស្រុក។

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ក៏បានទទូចសុំឱ្យ​មានសម្ព័ន្ធភាពឡើងវិញរវាងរដ្ឋ ប្រជាពលរដ្ឋ និងវិស័យឯកជន។ លោកបានរំលឹកផងដែរថា ក្រុមហ៊ុនដែលរកប្រាក់ចំណេញបានបង់ពន្ធដែលចូលទៅក្នុងថវិកាជាតិ ដូច្នេះអាជ្ញាធរត្រូវចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍជាជាងប្រភពផ្តល់ប្រាក់ចំណូល៖ «យើងមិនគួរគិតថាវិស័យឯកជនជាសាច់ជ្រូកខ្វៃនោះទេ»។ ប្រសាសន៍របស់លោកធ្វើឱ្យអង្គប្រជុំផ្ទុះសំណើច។ លោកបានផ្ញើសារត្រង់ៗទៅកាន់យុវជនជំនាន់ក្រោយឱ្យច្នៃប្រឌិតបង្កើតអ្វីដែលថ្មីដោយរក្សាការពារមរតករបស់មនុស្សជំនាន់មុនៗ ស្របពេលជាមួយគ្នានេះដែរត្រូវកសាងសេដ្ឋកិច្ចស្វ័យភាពជាងមុន និងបង្កើតតម្លៃកាន់តែច្រើននៅកម្ពុជា៕